ប៉ារីស ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំមន្ត្រីជំនាញ អមដំណើរ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់មូលនិធិកណ្តាលសម្រាប់ជួយគ្នាទៅវិញទៅមកនៅក្នុងវិស័យកសិកម្ម (CCMSA) ស្ថិតនៅប្រទេសបារាំង។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីពិនិត្យ និងសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការទទួលបាននូវពុទ្ធិក្នុងការយកមកអនុវត្តរបបសន្តិសុខសង្គមនៅប្រទេសកម្ពុជា ក្នុងទិសដៅបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ និងពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. ដើម្បីឆ្ពោះទៅរកការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់វិស័យកសិកម្មនៅកម្ពុជា ។
ក្នុងដំណើរទស្សនកិច្ចសិក្សានោះ បានជួបជាមួយស្ថាប័នដៃគូពាក់ព័ន្ធរបស់មូលនិធិកណ្តាលសម្រាប់ជួយគ្នាទៅវិញទៅមកនៅក្នុងវិស័យកសិកម្ម (CCMSA) នៃប្រទេសបារាំង ដោយក្នុងនោះបានពិភ្សា
ជាមួយក្រុមប្រតិបត្តិករថ្នាក់ជាតិពាក់ព័ន្ធ ចែករំលែកបទពិសោធន៍ និងចុះទៅសិក្សាស៊ីជម្រៅដល់ស្ថាប័នប្រតិបត្តិករក្នុងវិស័យកសិកម្មដោយផ្ទាល់ លើប្រធានបទសន្តិសុខសង្គមទាំងមូល។
សូមបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចសិក្សាខាងលើមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គការហ្រ្គេត (GRET) តាមរយៈគម្រោងស្តីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (ហៅកាត់ថាគម្រោង SASI) ឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដោយផ្តោតលើការរៀបចំសម្រាប់ការពង្រីករបបសន្តិសុខសង្គម ដល់កម្មករនិយោជិតក្នុងវិស័យកសិកម្ម ដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដោយអនុវត្តវិធីសាស្ត្រក្នុងការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយនៃបរិបទដែលមានស្រាប់ និងពង្រឹងវិធីសាស្រ្តបន្សំាខ្លួនទៅនឹងរបបសន្តិសុខសង្គម តាមរយៈ ការធ្វើសេចក្តីព្រាងយុទ្ធសាស្រ្តបន្សំាខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងផែនការ ប្រតិបត្តិការ និងស្វែងយល់ពីគំរូអាជីវកម្មដែលមានលក្ខណៈបន្សំាខ្លួន និងមានទស្សនវិស័យ ផ្នែកសេដ្ឋកិច្ច នៃ ប.ស.ស. (តាមរយៈការសិក្សា និងយុទ្ធសាស្ត្រនានា) ដើម្បីយកមកពិចារណា ក្នុងការឆ្លើយតបនឹងបេសកកម្មចម្បងៗនៃរបបសន្តិសុខសង្គមរបស់ប្រទេសកម្ពុជា៕