(ភ្នំពេញ)៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទីនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំមន្រ្តីជំនាញអម ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ក្រោមអធីបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
ពិធីផ្សព្វផ្សាយខាងលើ រៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងសហព័ន្ធជាប្តី ឬប្រពន្ធ ព្រមទាំងកូនក្នុងបន្ទុក។
ក្នុងឱកាសនោះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានធ្វើបទបង្ហាញ និងពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរគន្លឹះមួយចំនួនទាក់ទងទៅនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវារបបសន្តិសុខសង្គមជូនដល់សមាជិករបស់ខ្លួន។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងធម្មការ និងសាសនា ដោយមានមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងចូលរួមប្រមាណជាង ២០០នាក់៕