ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយដល់មន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” នៅក្នុងពិធីផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម សួន ស៊ីទៀង អគ្គនាយករង ប.ស.ស. នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំមន្រ្តីជំនាញអម ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងទេសចរណ៍ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានអ្នកចូលរួមប្រមាណជាង ២៥០នាក់។
ឯកឧត្តម ហ៊ីវ រស្មី បានមានប្រសាសន៍ថា៖ ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយនៅតាមបណ្តាក្រសួងនានា គឺក្នុងន័យចង់ឱ្យថ្នាក់ដឹកនាំ ក៏ដូចជាបងប្អូនមន្រ្តីរាជការទាំងអស់បានយល់ច្បាស់ និងកាន់តែស៊ីជម្រៅនូវសិទ្ធិរបស់ខ្លួន ក្នុងការទទួលបានការគាំពារស្របទៅតាមការកំណត់ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ថ្លែងក្នុងពិធីនាឱកាសនោះ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការក្រោមឱវាទក្រសួងទាំងអស់ត្រូវចូលរួមគាំទ្រអនុវត្តកម្មវិធីនេះ ក៏ដូចជាកម្មវិធីនានា នៃរបបសន្ដិសុខសង្គមដើម្បីធានាលើកកម្ពស់សុខុមាលភាព អត្ថប្រយោជន៍នានា និងដើម្បីជំរុញការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមកម្ពុជាកាន់តែរីកចម្រើន៕