(ភ្នំពេញ)៖ ដោយមានកិច្ចសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គមទាំងអស់ ដើម្បីមានចំណេះដឹង និងមានលទ្ធភាពដោះស្រាយជាបឋមនៅពេលមានអគ្គិភ័យ គឺអាចពន្លត់ និងបង្ការបានទាន់ពេលវេលា។
មានប្រសាសន៍បើកពិធី ឯកឧត្តមអគ្គនាយកស្ដីទី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ ដែលអង្គភាព និងសាខា ប.ស.ស. ទាំងអស់ ចាំបាច់ត្រូវយល់ពីវិធីសាស្ត្រក្នុងការបង្ការ និងពន្លត់អគ្គិភ័យ សំដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ឯកឧត្តមអគ្គនាយកស្ដីទី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួច សូម លោក លោកស្រីជាសិក្ខាកាម ជួយផ្សព្វផ្សាយបន្តដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រោមឱវាទរបស់ខ្លូន ដើម្បីមានចំណេះដឹងអាចបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសត្រូវមានលេខទំនាក់ទំនងឡានអគ្គិភ័យ និងភ្នាក់ងារជួយសង្គ្រោះផ្សេងៗ នៅតាមអគារ និងកន្លែងធ្វើការរបស់ខ្លួន ដើម្បីអាចទំនាក់ទំនងទាន់ពេលវេលា និងធ្វើអន្តរាគមន៍បានភ្លាមៗ។
ឯកឧត្តមអគ្គនាយកស្ដីទី សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល ១ថ្ងៃពេញនេះសិក្ខាកាមទាំងអស់ដែលបានចូលរួម និងយកចិត្តទុកដាក់ស្ដាប់ សួររាល់ចម្ងល់ ទៅកាន់លោកគ្រូឧទ្ទេស ដែលធ្វើការបង្ហាត់បង្ហាញ និងមានជំនាញអំពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលអញ្ជើញមកពីអគ្គស្នងការដ្ឋាននគរបាលជាតិនេះផ្ទាល់តែម្ដង៕