ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៦ លើប្រធានបទ «ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធសន្ដិសុខសង្គម» នៅថ្ងៃទី២ ក្នុងកម្មវិធីសប្ដាហ៍គាំពារសង្គមប្រចាំឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់មានបណ្ណសមាជិក ប.ស.ស. ជាពិសេសអ្នកដែលប្រកបរបររកស៊ីដោយខ្លួនឯង និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. សូមអញ្ជើញមកធ្វើបណ្ណ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបញ្ជាក់បន្ថែមថា ការដែលមានបណ្ណ ប.ស.ស. គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានានូវការចំណាយថវិកាផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានានូវនិរន្ដភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
គួរឱ្យដឹងផងដែរថា៖ គិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ មានចំនួនសមាជិកសរុបប្រមាណជាង ២លាននាក់
ក្នុងនោះសមាជិក ប.ស.ស. ជាស្រ្តីមានចំនួនប្រមាណជា ១លាន ១៥ម៉ឺននាក់ ដែលនឹងកំពុងមានសិទ្ធិទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃទូទាំងប្រទេស ព្រមទាំងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតផងដែរ៕