(ភ្នំពេញ) ៖ គិតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយបណ្តាក្រសួងចំនួន១៣ រួចមកហើយ ដោយក្នុងនោះមានមន្ត្រីរាជការសរុបប្រមាណជាង ៤ពាន់នាក់ បានចូលរួមឈ្វេងយល់អំពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ពីមន្រ្តីជំនាញ ប.ស.ស.។
នារសៀលថ្ងៃនេះផងដែរ ប.ស.ស. បានបន្តសហការជាមួយក្រសួងព័ត៌មាន ដែលជាក្រសួងទី១៤ ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន ដែលក្នុងពិធីនោះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំមន្រ្តីជំនាញអមឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ បានអំពាវនាវដល់មន្រ្ដីរាជការក្រោមឱវាទក្រសួងព័ត៌មានទាំងអស់ សូមពន្លឿននាំសហព័ទ្ធដែលជាប្ដី ឬប្រពន្ធ និងកូនៗក្នុងបន្ទុករបស់ខ្លួនអញ្ជើញមកចុះឈ្មោះធ្វើបណ្ណសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស.ដែលនៅជិតលោកអ្នក ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខ រួមចំណែកសម្រេចគោលដៅលើការគ្របដណ្ដប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាលផងដែរ។
ថ្លែងក្នុងពិធីនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកដែលមានសមាជិកក្នុងបន្ទុកគ្រួសារ ឱ្យចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទរបស់ក្រសួង ប្រមាណជា៣០០ នាក់ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ៕