(ភ្នំពេញ)៖ ក្រសួងផែនការ ជាក្រសួងទី១១ ហើយដែល ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការរៀបចំពិធីផ្សព្វផ្សាយពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ដោយគិតមកត្រឹមរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រមាណជិត ៤ពាន់នាក់ហើយ ទទួលបានការឈ្វេងយល់ពីបទបង្ហាញស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ពីមន្រ្តីជំនាញ ប.ស.ស. ។
ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានអញ្ជើញអមឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមជាគណៈអធិបតី នៅសាលប្រជុំធំ នៃក្រសួងផែនការ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ ស៊ីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។