ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំមន្រ្ដីជំនាញជួប ពិភាក្សាការងារ ជាមួយក្រុមការងាររបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយលោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង តំណាងឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
ក្នុងកិច្ចប្រជុំពិភាក្សានេះ ក្នុងនាមជាប្រតិបត្តិករប្រព័ន្ធសន្ដិសុខសង្គម ដើម្បីធានានូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការផ្ដល់ការគាំពារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែប្រសើរឡើង មន្រ្ដីជំនាញ ប.ស.ស. បានបង្ហាញលម្អិតអំពីយន្ដការ នៃការអនុវត្តការងារកន្លងមក ក៏ដូចជាបញ្ហាប្រឈមនានាជូនដល់ក្រុមការងាររបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាពិសេសពាក់ព័ន្ធនឹងយន្ដការនៃការទូទាត់ថ្លៃសេវាសុខាភិបាល និងនីតិវិធីនានាក្នុងការគ្រប់គ្រងឯកសារ, លំហូរឯកសារ ពិសេសយន្ដការពិនិត្យ និងផ្ទៀងផ្ទាត់របស់ ប.ស.ស. ជាមួយនឹងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន នៅទូទាំងប្រទេស។
កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្ដីជំនាញ ប.ស.ស. និង ថ្នាក់ដឹកនាំ មន្ដ្រីជំនាញក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) ដែលជាសេនាធិការរបស់និយ័តករសន្ដិសុខសង្គម សរុបប្រមាណជា ២០រូប៕