Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បង្ហាញពី យុទ្ធសាស្ត្រដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឆ្នាំ២០២៤-២០២៨

    ស្វាយរៀង៖ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានអញ្ជើញជាសហធិបតីបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាព ក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
    ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងថា៖ ប.ស.ស. បានរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឱ្យបានជាអតិបរិមា ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
    ឯកឧត្ដមបណ្ឌិត អគ្គនាយករង ប.ស.ស. បានបន្តថា៖ បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងយុទ្ធសាស្ត្រទី៥-កម្មវិធីទី៣៖ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករ គន្លឹះរបស់ ប.ស.ស. បានលើកឡើងពី ការពង្រឹងការអប់រំ និងផ្សព្វផ្សាយលើកកម្ពស់សុខុលមាលភាព ការបង្ការហានិភ័យការងារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។
    ឯកឧត្ដមបណ្ឌិតអគ្គនាយករង បានបន្ថែមទៀតថា៖ ដោយឡែក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនកម្មករនិយោជិត ប.ស.ស. បានកំណត់នូវសកម្មភាព សិក្សា សហការ និងរៀបចំមធ្យោបាយ ធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិត សំដៅលើកកម្ពស់កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតជាប្រចាំ និងត្រូវសិក្សាពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តកែច្នៃដែលដឹកកម្មករនិយោជិតបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់ យ៉ាងយូរត្រឹមឆ្នាំ២០២៧។
    ក្នុងពិធីនោះផងដែរ៖ ឯកឧត្តម សរ សុដានី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ឱ្យចូលរួមយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ និងក្រើនរំលឹកដល់បងប្អូន កម្មករនិយោជិតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរកាន់ចង្កូតឡាន ចង្កូតម៉ូតូ ត្រូវចងចាំថា អាយុជីវិតបងប្អូន គឺពឹងនៅលើអ្នកបើកបរ មធ្យោបាយប្រើប្រាស់ និងនៅលើដងផ្លូវ ដែលទាមទារដាច់ខាតនូវការគោរពច្បាប់ចរាចរណ៍ ការពិនិត្យបច្ចេកទេសយានយន្ដ និងស្ថានភាពផ្លូវដែលកំពុងប្រើប្រាស់។
    មានប្រសាសន៍ក្នុងពិធីនោះ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានថ្លែងសារក្រើនរំលឹកដល់បងប្អូនអ្នកបើកបរយានយន្តទាំងអស់ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.