(ភ្នំពេញ) ៖ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានដឹកនាំក្រុមការងារបច្ចេកទេសប្រជុំពិភាក្សា ជាមួយ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិចារណាជម្រើសរថយន្តដឹកកម្មករនិយោជិត ដែលអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ អាចកែសម្រួលទៅជារថយន្តមានកៅអីអង្គុយត្រឹមត្រូវ ដើម្បីសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ប្រសើរជាងមុន។
ក្នុងកិច្ចប្រជុំនេះផងដែរ ក្រុមការងារ ស.ផ.ក បានធ្វើបទបង្ហាញ ស្ដីពី ជម្រើសការប្រើប្រាស់រថយន្ដដឹកកម្មករនិយោជិត ដែលក្នុងនោះបានបង្ហាញពីចំនុចសំខាន់មួយចំនួនដូចជា បញ្ហាប្រឈមចំពោះការយករថយន្ដប្រភេទដឹកទំនិញមកដឹកកម្មករ ជម្រើសការប្រើប្រាស់រថយន្ដដឹកកម្មករ ដោយប្ដូររថយន្ដដឹកទំនិញដែលដឹកកម្មករឈរមកជារថយន្ដដឹកអ្នកដំណើរ ដោយកែច្នៃកៅអីអង្គុយដូចគំរូ ប.ស.ស. ដើម្បីទទួលបាននូវសុវត្ថិភាព ផាសុកភាព និងកាត់បន្ថយហានិភ័យដែលបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលដឹកកម្មករនិយោជិតកន្លងមក។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមចំនួន ៣០ រូប៕