(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក គាត ពុធណារិទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ប.ស.ស. តំណាងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកនៃក្រុមការងារបច្ចេកទេសរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា (UHC-TWG) បានដឹកនាំមន្រ្តីជំនាញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ស្តីពី “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា” ក្រោមអធិបតីភាពលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិកាប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៥០រូប នៅសណ្ឋាគារភ្នំពេញ។
កិច្ចប្រជុំខាងលើធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងស្តីពី ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។