ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានអញ្ជើញទទួលប័ណ្ណសរសើរស្តីពីការបង្ការ អប់រំ ការចូលរួមវិភាគទានគាំទ្រដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាប្រចាំឆ្នាំ២០២៣។
ការផ្តល់ប័ណ្ណសរសើរជូនអង្គភាព ប.ស.ស. នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ឱ្យដឹងថា៖ កន្លងមករហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការបង្ការ ការចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ជូនដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ពិសេសបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងជារឿយៗមកលើបងប្អូនកម្មករនិយោជិត ធ្វេីយ៉ាងណាឱ្យធ្លាក់មកនៅកម្រិតទាបបំផុត៕