(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំក្រុមការងារបច្ចេកទេស ជួបប្រជុំជាមួយក្រុមការងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីពិភាក្សាដំណាក់កាលគម្រោងបន្ទាប់ស្តីពី គម្រោងសុវុឌ្ឍិកម្ម (ការធ្វើឲ្យប្រសើរឡើង) នៃប្រព័ន្ធកិច្ចគាំពារសង្គម និងសុខាភិបាល ពិសេសដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែមទៅលើការវាយតម្លៃលើដំណាក់កាលគម្រោងបន្ទាប់សម្រាប់ឆ្នាំ២០២៤-២០២៧។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ចំពោះអនុស្សរណៈយោគយល់គ្នាលើគម្រោងនេះកន្លងមក ក្នុងឆ្នាំ ២០២១-២០២៤ ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ ប.ស.ស. ជាពិសេសជួយអភិវឌ្ឍគម្រោងពាក់ព័ន្ធប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មាន ប.ស.ស. ការផ្តល់ជាវគ្គបណ្តុះបណ្តាល សិក្ខាសាលា ក៏ដូចជាទស្សនកិច្ចសិក្សានានា ដល់បុគ្គលិកជំនាញ នៃ ប.ស.ស. ដែលនេះជួយជ្រោមជ្រែងយ៉ាងសំខាន់របស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ទៅលើការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមកម្ពុជា៕