Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមគោលដៅចំនួន ៣ផ្សេងទៀត ប.ស.ស. នឹងសិក្សាក្នុងការគ្របដណ្ដប់ផ្នែកថែទាំសុខភាព ក្នុងគម្រោង “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” (គម្រោង A4S)

    (ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាប្រចាំឆ្នាំលើកទី១ លើគម្រោង “ការពង្រីករបបសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍” (គម្រោង A4S) ជាមួយអង្គការហ្គេ្រត (GRET) ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា គម្រោង A4S ដែលជាគម្រោងពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលមាន ៤ក្រុមគោលដៅសំខាន់ៗ បច្ចុប្បន្ន ប.ស.ស. បានអនុវត្តចំពោះក្រុមទី១ ដែលជាអ្នកលក់ដូរតាមទីផ្សារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួចរាល់ហើយ។ ចំពោះ ៣ក្រុមទៀតរួមមាន៖ (១). អ្នកបម្រើការងារផ្អែកតាមវេទិកាឌីជីថល (២) អ្នកបម្រើការក្នុងសេវាកម្សាន្ត និង(៣) កម្មករនិយោជិតក្នុងវិស័យសំណង់ ដែលមិនទាន់បានគ្របដណ្តប់ដោយរបបសន្តិសុខសង្គម ក្រុមការងារបច្ចេកទេសនឹងសិក្សាសមិទ្ធិលទ្ធភាពក្នុងសិក្ខាសាលានេះ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ដថា គោលបំណងក្នុងសិក្ខាសាលានាឱកាសនេះ ដើម្បីពិនិត្យមើលអំពីលទ្ធផលសម្រេចបានក្នុងឆ្នាំទី១ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់អនុវត្តគម្រោងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រវាង ប.ស.ស. និងអង្គការហ្គ្រេត (GRET) ក្នុងបរិបទនៃប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេសកម្ពុជា ព្រមទាំងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈម ពិភាក្សាអំពីទស្សនវិស័យ ផែនការយុទ្ធសាស្ត្រនឹងលក្ខខណ្ឌបច្ចេកទេសសំខាន់ៗដែលនឹងត្រូវអនុវត្តក្នុងគម្រោង A4Sមួយនេះ នាពេលអនាគត។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងអំណរគុណចំពោះ អង្គការហ្គ្រេត (GRET) អង្គការអន្តរជាតិខាងការងារ (ILO) និងដៃគូពាក់ព័ន្ធទាំងអស់ តែងតែចូលរួមគាំទ្រក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ដែលជាការរួមចំណែកធានាសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម និងជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងប្រកបដោយចីរភាព។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ បានប្រព្រឹត្តទៅដោយមាន វត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ប.ស.ស. តំណាងអង្គការហ្គ្រេត (GRET) និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) សរុបប្រមាណជា ៣០រូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.