(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ជាមួយថ្នាក់ដឹកនាំ ១១នាយកដ្ឋាន និង១អង្គភាព និងសាខា ប.ស.ស. ទូទាំងប្រទេស ដើម្បីពង្រឹងការផ្តល់សេវាជូនដល់សមាជិករបស់ខ្លួន ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា ឆ្លើយយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន និងនាពេលអនាគត ស្របតាមកំណែទម្រង់ថ្មីរបស់រាជរដ្ឋាភិបាល និងការកើនឡើងជាបន្ដបន្ទាប់របស់សមាជិក ប.ស.ស. ។
ឯកឧត្តមអគ្គនាយកស្តីទី បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការអនុវត្តការងាររបស់ ប.ស.ស. មានភាពមមាញឹកជាខ្លាំង ពិសេសគោលនយោបាយអាទិភាពថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញជាបន្ដបន្ទាប់ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ ជាហេតុនាំឱ្យការចុះឈ្មោះជា សមាជិក ប.ស.ស. មានការកើនឡើងយ៉ាងច្រើន។
ឯកឧត្តមអគ្គនាយកស្តីទី បានបន្ដថា ទន្ទឹមនឹងការកើនឡើងរបស់ សហគ្រាស គ្រឹះស្ថាន និងចំនួនសមាជិក ប.ស.ស. នាពេលនេះ ដើម្បីបំពេញតម្រូវការក្នុងការផ្ដល់សេវាជូនសមាជិកឱ្យបានទាន់ពេលវេលា តម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិក ប.ស.ស. ទាំងអស់មានការយោគយល់ នឹងភាពអំណត់ខ្ពស់ក្នុងការបំពេញការងារ ជាពិសេសខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈមួយនេះ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា ស្របទៅតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ។