(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមអម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមប្រជុំពិភាក្សាលើវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖ (១) សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (២) សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម និងទី (៣) របាយការណ៍ ស្តីពីការតាមដានវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា។
កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានអញ្ញើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធសរុបប្រមាណជា ៣០រូប នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕