Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី៖ អង្គភាពជំនាញត្រូវពិនិត្យក្នុងប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ដើម្បីស្វែងរកសហគ្រាស គ្រឹះស្ថាន ដែលមិនទាន់ចុះបញ្ជីជាមួយ ប.ស.ស.

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យលទ្ធផលការងារប្រចាំខែ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលលើកទឹកចិត្តដល់ ក្រសួង-ស្ថាប័ន ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពិសេសគឺប្រព័ន្ធថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ដែលអាចចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ក្នុងន័យនេះអង្គភាពជំនាញត្រូវពិនិត្យសហគ្រាស គ្រឹះស្ថានដែលមានក្នុងប្រព័ន្ធ CamDX ហើយមិនទាន់ចុះបញ្ជីជាមួយ ប.ស.ស. ត្រូវចុះស្វែងរកសហគ្រាស គ្រឹះស្ថានទាំងនោះ ដើម្បីឱ្យចុះបញ្ជីមក ប.ស.ស. ។
    ឯកឧត្តមអគ្គនាយកស្តីទី បានបន្ថែមថា ការពង្រឹងក្នុងការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងការបង់ភាគទានទៀងទាត់ និងត្រឹមត្រូវដោយស្របតាមច្បាប់ជាបញ្ហាចម្បងចំពោះមុខ ត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យគ្រប់សមាជិកទាំងអស់ទទួលបានអត្ថប្រយោជន៍ពេញលេញ ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។
    ឯកឧត្តមអគ្គនាយកស្តីទី ក៏បានផ្ដល់អនុសាសន៍ណែនាំ ដល់អង្គភាពនីមួយៗត្រូវពង្រឹងវិន័យការងាររបស់ខ្លួនឱ្យកាន់តែម៉ត់ចត់ច្បាស់លាស់ ជាពិសេសអង្គភាពជួរមុខត្រូវរៀបចំវេទិកាជួបប្រជុំផ្សព្វផ្សាយជាមួយភាគីនិយោជកទូទាំងប្រទេសដោយផ្ទាល់ ដើម្បីផ្ដល់នូវចំណេះដឹង គោលការណ៍ណែនាំពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចរបបសន្ដិសុខសង្គមឱ្យបានច្បាស់លាស់ មុនឈានដល់ការអនុវត្តនីតិវិធីច្បាប់ ជាពិសេសក្នុងឆ្នាំ២០២៤នេះ ដែលត្រូវតែរឹតបន្ដឹងខ្លាំងតែម្ដង៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.