(ភ្នំពេញ)៖ នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពី ការអនុវត្តគម្រោង “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម” ហៅកាត់ថា គម្រោង SASI ។
ឯកឧត្ដមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបញ្ជាក់ឱ្យដឹងថា៖ គម្រោងស្ដីពីការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI project) បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គ្រេត ដោយទទួលការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដែលបានរៀបចំកិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងបច្ចេកទេស បទពិសោធន៍ ឧត្តមានុវត្ត និងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រសម្រាប់អនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅក្នុងវិស័យកសិកម្ម ឱ្យកាន់តែទូលំទូលាយ។
ឯកឧត្ដមបណ្ឌិតអគ្គនាយករង បានបន្ដទៀតថា៖ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ភាគីពាក់ព័ន្ធធ្វើបទបង្ហាញដោយផ្តោតទៅលើចំណុចសំខាន់ៗរួមមាន៖ ទិដ្ឋភាពទូទៅ គោលដៅ វិសាលភាពការងារ ពេលវេលា និងការផ្តល់កិច្ចសហការ, ការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពក្នុងការអនុវត្តសមាសធាតុទី១ នៃគម្រោង SASI , ការផ្តល់អនុសាសន៍ មតិយោបល់ច្បាស់លាស់ និងការប្តេជ្ញាចិត្តលើការអនុវត្តគម្រោង។
ឯកឧត្ដមបណ្ឌិតអគ្គនាយករង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែង របស់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គម ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ព្រមទាំងជាការរួមចំណែកធានាសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម និងជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកជំនាញរបស់ ប.ស.ស., តំណាងអង្គការហ្គ្រេត (GRET), ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), អង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា, វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (IRD), ក្រុមហ៊ុនមេធាវី, ទីស្នាក់ការកណ្តាលមូលនិធិសង្គមជួយគ្នាទៅវិញទៅមកនៅក្នុងវិស័យ កសិកម្ម (CCMSA) និងអ្នកវិភាគហិរញ្ញវត្ថុ សរុបប្រមាណជា ៣៥រូប៕