(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ប្រជុំពិនិត្យ និងពិភាក្សាបន្ដលើសេចក្ដីព្រាងប្រកាស ស្តីពីបែបបទ និងនីតិវិធីក្នុងការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តបទល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្ដិសុខសង្គម ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានស្នើដល់សមាជិកទាំងអស់ ត្រូវពិនិត្យ និងពិភាក្សា ដោយយកចិត្តទុកដាក់ខ្ពស់លើសេចក្ដីព្រាងប្រកាសខាងលើ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម ក្នុងន័យដើម្បីការពារផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងទប់ស្កាត់នូវភាពមិនប្រក្រតីណាមួយដែលល្មើសទៅនឹងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជាពិសេសត្រូវសហការជាមួយភាគីពាក់ព័ន្ធនានាប្រមូលធាតុចូល និងពន្លឿនសេចក្ដីព្រាងប្រកាសនេះឱ្យបានឆាប់រហ័សពេញលេញ គ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕