(ភ្នំពេញ) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការផ្តល់សេវា និងការពង្រីកវិសាលភាពការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមួយមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រកាសជាផ្លូវការ នូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងបើទោះបីជាកន្លងមករហូតមកដល់ពេលនេះ មានការផ្សព្វផ្សាយស្តីពីនីតិវិធីនៃការចូលប្រើប្រាស់សេវាយ៉ាងណាក៏ដោយ ក៏នៅមានបងប្អូនសមាជិក ប.ស.ស. មួយចំនួននៅមិនទាន់យល់ដឹងច្បាស់ពីនីតិវិធីក្នុងការទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅឡើយទេ ដូច្នេះការចូលរួមសហការពីមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. គឺជាកត្តាសំខាន់ និងចាំបាច់បំផុតក្នុងការធ្វើឱ្យប្រសើរឡើងនៃការផ្តល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី បានបញ្ជាក់ទៀតថា កិច្ចប្រជុំនាពេលនេះ គឺជាវេទិកាដែលត្រូវលើកបញ្ហាប្រឈមស្តីពីការផ្តល់សេវាជូនសមាជិក ប.ស.ស. មកពិភាក្សា និងដោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ សម្រាប់ផ្តល់ជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់ សុវត្ថិភាព និងទាន់ពេលវេលា។
គួរបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១ ៥៣០ មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេស ដែលក្នុងនោះ មូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) មានចំនួន ១ ៣៩៥ និងមូលដ្ឋានសុខាភិបាលឯកជន (មន្ទីរពេទ្យឯកជន) មានចំនួន ១៣៥៕