Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិសន្តិសុខសង្គមដើរតួនាទីដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា

    ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំរវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា” ដែលរៀបចំដោយអង្គការ OXFAM ប្រចាំកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ សរុបប្រមាណ ៤០០នាក់ ។
    ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាប្រចាំឆ្នាំខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករងបានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ បញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម គឺបង្ហាញពីការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់”។ បន្ថែមពីនេះ ក៏មានជាយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តជាច្រើនផ្សេងៗទៀត ដែលសុទ្ធសឹងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធសន្តិសុខសង្គម ដែលជាកត្តាចូលរូមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សំដៅឆ្ពោះទៅការគ្របដណ្តប់របបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល នៅកម្ពុជា។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គភាព និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា លើការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យា នៃប្រព័ន្ធសន្តិសុខសង្គម, ការអភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងស្ថាប័ន ការពង្រីកវិសាលភាពនៃការគ្របដណ្តប់របបសន្តិសុខសង្គមនៅកម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ស្ថិតនៅក្រៅសំណាញ់នៃការគាំពារនោះឡើយ និងជាជំហានឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
    ក្នុងឱកាសនោះដែរ ក៏មានការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់លោក ឡាត់ ម៉ារ៉ា អនុប្រធាននាយកដ្ឋានបញ្ជិកា និងភាគទាន ក្នុងវេទិកាតុមូល ស្តីពី”យន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធសន្តិសុខសង្គម និងការលើកកម្ពស់ការចុះបញ្ជី និងបង់ភាគទាន” និងលោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម ក្នុងវេទិកាតុមូល ស្តីពី “ការគាំពារមាតុភាព និងកម្មការនីមានផ្ទៃពោះ” និង “ផែនការពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាសុខាភិបាលជូនដល់អ្នកប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស.”។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសង្ឃឹមយ៉ាងមុតមាំថា អង្គវេទិកាទាំងមូល នឹងទទួលបាននូវចំណេះដឹងបច្ចេកទេស បទពិសោធន៍ថ្មីៗ ធាតុចូលសំខាន់ៗ និងការដកស្រង់បាននូវមេរៀនល្អៗ ដើម្បីជាគន្លឹះ និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រតិបត្តិការងារដោយជោគជ័យ តាមរយៈការបង្កើនប្រសិទ្ធភាព និងការពង្រឹងយន្តការគណនេយ្យភាព តម្លាភាព បរិយាបន្ន និងអភិបាលកិច្ចល្អសម្រាប់ប្រព័ន្ធគាំពារសង្គម និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ក៏ដូចជារួមចំណែកក្នុងការពង្រឹងប្រព័ន្ធកិច្ចគាំពារសុខភាពសង្គម ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខ ភាពជាសកល (Universal Health Coverage – UHC) ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.