(ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈជាច្រើនលើកកន្លងរួចមក នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមអមឯកឧត្តម គួច សុមាន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមប្រជុំពិភាក្សា និងកែសម្រួលបញ្ចប់នូវសេចក្តីព្រាងអនុក្រឹត្យស្ដីពី ការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈក្រោមអធិបតីភាពឯកឧត្តម ភក្តី សម្បូរណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានអញ្ជើញចូលរួមពី ក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម តំណាងក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងធម្មការ និងសាសនា និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនរូបផងដែរ ដោយប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។
ជាលទ្ធផលអង្គប្រជុំពេញមួយរសៀលនេះ សេចក្តីព្រាងអនុក្រឹត្យស្តីពីការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ត្រូវបានថ្នាក់ដឹកនាំតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស. និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងអនុក្រឹត្យ និងខ្លឹមសារដែល ប.ស.ស. បានតាក់តែងឡើង ដែលសម្រេចចុងក្រោយមាន ៥ជំពូក និង៩មាត្រា។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈខាងលើ ក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស. រួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំជារបាយការណ៍គោរពស្នើសុំ ប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ជាចុងក្រោយ៕