(ភ្នំពេញ) ៖ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មន្រ្តីបច្ចេកទេស ប.ស.ស. ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីអគ្គាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ លោក មាស វណ្ណថា ប្រធានគណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុ និងសមាជិក បានជួបប្រជុំពិភាក្សាស្តីពីលំហូរចរន្តហិរញ្ញវត្ថុ និងការប្រើប្រាស់ថវិការបស់ ប.ស.ស. ក្នុងគោលបំណងដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការរដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ស្ថានភាពអាជីវកម្ម សេវាកម្ម និងកាតព្វកិច្ចត្រូវបង់ពន្ធចំណូលចូលថវិការដ្ឋក្នុងការិយបរិច្ឆេទ២០២២ និងឆ្នាំពាក់ព័ន្ធ និងការត្រួតពិនិត្យសារឡើងវិញនូវបណ្តាវិធានការរបស់គណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុដែលបានលើកឡើងក្នុងការត្រួតពិនិត្យការិយបរិច្ឆេទ២០២១។
ក្នុងកិច្ចប្រជុំពិភាក្សាពេញមួយរសៀលនេះ ភាគីទាំងសងខាង បានពិភាក្សាគ្នាយ៉ាងផុសផុលអំពីបញ្ហាប្រឈមនានា ដែលបានផ្តល់យោបល់កាលពីការិយបរិច្ឆេទឆ្នាំ២០២១ និងការអនុវត្តក្នុងឆ្នាំ២០២២ ស្តីពីលំហូរនៃចរន្តហិរញ្ញវត្ថុ ផ្តល់ការវាយតម្លៃ ក៏ដូចជាការផ្តល់នូវមតិយោបល់ល្អៗ ធ្វើយ៉ាងណាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ថវិការបស់ ប.ស.ស. ទទួលបាននូវប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកការពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីភាគីតំណាង ប.ស.ស. និងមន្រ្តីអធិការកិច្ច នៃក្រសួងសេដ្ឋិច្ច និងហិរញ្ញវត្ថុស្តីពីចរន្តហិរញ្ញវត្ថុ សរុបប្រមាណជា ២០រូប៕