Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត

    (ម៉ាឡេស៊ី)៖ បន្ទាប់ពីចូលរួមសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី “ ការទទួលយកភាពចំរុះ ដើម្បីកសាងអនាគតរួមគ្នា” នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hilton Kuala Lumpur ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានសមាភាពចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង ១០។
    ក្នុងកិច្ចប្រជុំប្រឹក្សាភិបាលនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤០ នេះ សមាជិកទាំងអស់បានពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃផែនការសកម្មភាពឆ្នាំ២០២២-២០២៣ របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) និងផែនសកម្មភាពការងារបន្តសម្រាប់ឆ្នាំ២០២៣-២០២៤ របស់សមាគមផងដែរ។
    ក្នុងឱកាសជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា បានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រង ស្តីពី ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ – ២០២៣។
    គួរបញ្ជាក់ឱ្យដឹងផងដែរថា គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៧រួចមកហើយពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពាន់រង្វាន់អង្គភាពឆ្នើមដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៨ ដែលប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បានផ្តល់ជូន។
    គួររំលឹកផងដែរថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា ធ្លាប់ធ្វើជាប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៣៧, អង្គភាពធានារ៉ាប់រ៉ងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត (BPJS Ketenagakerjaan) នៃប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធានផ្លាស់វេនលើកទី៣៨, អង្គភាពសន្តិសុខសង្គមឡាវ (LSSO) ធ្វើជាប្រធានផ្លាស់វេនលើកទី៣៩ ហើយលើកទី៤០ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមូលនិធិសន្និច្ច័យសម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) បន្ទាប់ពីអង្គភាពសន្តិសុខសង្គមនៃប្រទេសឡាវ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.