Mail |
  • ភាសាខ្មែរ
  • English
  • បងប្អូនអាជីវករ និងបងប្អូនបម្រើការងារក្នុងសហគ្រាសនានា ក្នុងខេត្តប៉ៃលិន សប្បាយរីករាយដែលសព្វថ្ងៃត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ពីសុខុមាលភាព និងជីវភាពរស់នៅរបស់ពួកគាត់ តាមរយៈ ប.ស.ស.

    (ប៉ៃលិន)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នាដើមសប្ដាហ៍នេះ ក្រោមការជួយសម្របសម្រួលពី លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន ក្រុមការងារយកព័ត៌មាននៃ ប.ស.ស. បានចុះធ្វើបទសម្ភាសន៍បងប្អូនអាជីវករដោយផ្ទាល់ នៅផ្សារប៉ាហ៊ី និងបានចុះទៅដល់ទីតាំងផ្ទះរបស់សមាជិក ប.ស.ស. ជាស្រ្ដីសម្រាលកូន និងសមាជិក ប.ស.ស. ដែលរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនពិការ ព្រមទាំង សមាជិក ប.ស.ស. ដទៃទៀតដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ។
    តាមរយៈការចុះទៅជួបសម្ភាសន៍ផ្ទាល់ខាងលើ បងប្អូនអាជីវករជាច្រើនរូប ដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ី (ផ្សារក្រោម) ស្ថិតនៅក្រុងប៉ៃលិន បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលអាចឱ្យពួកគាត់ចុះឈ្មោះដើម្បីទទួលបានប័ណ្ណ ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម ហើយបងប្អូនអាជីវករនៅទីនោះបានប្តេជ្ញាថានឹងមកចុះឈ្មោះជាមួយ ប.ស.ស. ដើម្បីទទួលបានការធានារ៉ាប់រង នៅពេលពួកគាត់ឈឺ ឬគ្រោះថ្នាក់ផ្សេងៗ។
    លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន ក៏បានឱ្យដឹងដែរថា៖ ក្នុងខេត្តប៉ៃលិន គិតរហូតមកដល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ បានមកចុះបញ្ជីជាមួយ ប.ស.ស. សរុបប្រមាណជាង ១០០នាក់ហើយ និងមានបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ដទៃទៀតក៏កំពុងត្រៀមខ្លួនមកចុះបញ្ជីផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា បងប្អូនពលរដ្ឋភាគច្រើនបានយល់កាន់តែច្បាស់អំពីការទទួលបានការគាំពារសុខភាពតាមរយៈ ការចុះផ្សព្វផ្សាយដោយផ្ទាល់ និងបានពន្យល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម។
    ក្រៅតែពីបងប្អូនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ខាងលើ សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនជាច្រើនរូប ក៏ដូចជាសមាជិក ប.ស.ស. ជាជនរងគ្រោះថ្នាក់ការងារដទៃទៀត ក៏បានបង្ហាញអារម្មណ៍យ៉ាងកក់ក្តៅចេញពីក្រអៅបេះដូង ដោយអរគុណដល់ ប.ស.ស. យ៉ាងខ្លាំងដែលបានជួយសម្រាលទុកលំបាករបស់គាត់ក្នុងការចំណាយថ្លៃសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភជូនពួកគាត់ផងដែរ។
    ពាក់ព័ន្ធទៅនឹងការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនជូនសមាជិកខាងលើ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា៖ ចាប់តាំងពីពេលអនុវត្តរបបសន្ដិសុខសង្គម រហូតមកដល់បច្ចុប្បន្ន ប.ស.ស. ខេត្តប៉ៃលិន បានផ្ដល់តាវកាលិកដល់សមាជិក ប.ស.ស. ប្រមាណជាង ៩០០ករណី ដែលក្នុងនោះ រងគ្រោះថ្នាក់ការងារចំនួន ៤០០ករណី ផ្នែកថែទាំសុខភាពសរុប ៥០៤ករណី ក្នុងនោះសម្រាប់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់កម្មករនិយោជិតជាស្ត្រី បានបើកផ្ដល់ជូនម្ដាយចំនួន ៤៥៩នាក់ ដែលមានចំនួនកូន ៤៦០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.