Mail |
  • ភាសាខ្មែរ
  • English
  • អគ្គនាយក ប.ស.ស. ស្ដីទី ជួបសំណេះសំណាលជាមួយបុគ្គលិកក្រោមឱវាទដែលបម្រើការងារនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ នៅក្នុងសាលប្រជុំសន្តិភាព នៃ ប.ស.ស. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉េង ហុង បានអញ្ជើញបង្ហាញខ្លួនលើកដំបូងក្នុងនាមជា អគ្គនាយក ប.ស.ស. ស្ដីទី និងបានសំណេះសំណាលចែករំលែកបទពិសោធន៍កម្សត់កម្រ និងបទពិសោធន៍ល្អៗ ក្នុងរយៈពេលជាង១៦ឆ្នាំ ដែលបានបំពេញភារកិច្ចក្នុងវិស័យសន្ដិសុខសង្គមកន្លងមក ដល់បុគ្គលិកក្រោមឱវាទ ដែលបម្រើការងារនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ សរុបប្រមាណជិត ១ ០០០នាក់។
    ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី បានលើកឡើងថា៖ ចាប់តាំងពី ប.ស.ស. កើតឡើងដំបូងនៅឆ្នាំ២០០៧ ដែលឯកឧត្តម បានចូលបម្រើការងារជាមន្រ្ដីរាជការមួយរូប ដែលពេលនោះអង្គភាពគ្រប់គ្រងរបបសន្ដិសុខសង្គមមានថ្នាក់ដឹកនាំ និងសហការីប្រហែលជា ២០នាក់ប៉ុណ្ណោះ ដែលបានតស៊ូ ពុះពារ គ្រប់ឧបសគ្គដើម្បីបេសកកម្មអនុវត្តលើវិស័យសន្ដិសុខសង្គម រហូតមានការរីកចម្រើនជាបន្ដបន្ទាប់មកដល់សព្វថ្ងៃនេះ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី បានបន្ដថា៖ ការរីកចម្រើនរបស់ ប.ស.ស. មកដល់សព្វថ្ងៃនេះ ជាគុណបំណាច់ដ៏ជ្រាលជ្រៅ និងធំធេងបំផុតរបស់អតីតអគ្គនាយក ប.ស.ស. គឺ ឯកឧត្តម អ៊ុក សមវិទ្យា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដឹកនាំលើវិស័យនេះ និងបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលដ៏ល្អវិសេសវិសាលជាច្រើន ដែលជាគំរូដ៏ល្អសម្រាប់ទាំងអស់គ្នាបន្តអនុវត្តទៅមុខបន្តទៀត។
    ក្នុងពិធីសំណេះសំណាលរយៈពេលពេញមួយព្រឹក ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី ក៏បានលើកឡើងអំពីសារសំខាន់ៗនៃការអនុវត្តការងារ របស់នាយកដ្ឋាននីមួយៗ ក្នុងវិស័យសន្ដិសុខសង្គម និងបានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តការងារ ការគោរពវិន័យផ្ទៃក្នុងអង្គភាព របៀបរបបការងារ និងបន្ដពង្រឹងសមត្ថភាពបន្ថែមដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅពេលមកទទួលសេវា។
    ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី ក៏បានសម្តែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសដល់រូបលោកជាអគ្គនាយក ប.ស.ស. ស្ដីទី ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមដឹកនាំវិស័យសន្ដិសុខសង្គមកម្ពុជា។
    ដើម្បីតបស្នងនឹងការផ្តល់ឱកាសនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី បានបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តថែរក្សាការពារសមិទ្ធផលមុនៗ និងបង្កើនសមិទ្ធផលថ្មីៗ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងរួបរួមគ្នាជាធ្លុងមួយ ដើម្បីបំពេញឱ្យបាននូវកិច្ចការងារដ៏ឧត្តុង្គឧត្តមមួយនេះ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រគល់ជូន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.