Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បើកកិច្ចប្រជុំពិនិត្យ និងត្រៀមដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៣-២០២៨

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បេឡាជាតិសន្ដិសុខសង្គម បានបើកកិច្ចប្រជុំស្តីពីការត្រៀមខ្លួនអនុវត្តផែនការយុទ្ធសាស្រ្ដរបស់ខ្លួន ដែលស្ថិតនៅផែនការយុទ្ធសាស្រ្ដទី៥ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល០៥ឆ្នាំ (២០២៣-២០២៨) ស្តីពីការពង្រឹងរបបសន្ដិសុខសង្គម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយករង ប.ស.ស. ប្រធានអង្គភាព ប.ស.ស. ប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ប្រធានការិយាល័យ សរុបប្រមាណ ១០០នាក់ ដោយផ្ទាល់ និងតាមរយៈវីដេអូអនឡាញ នៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី បានមានប្រសាសន៍ថា៖ ការចូលរួមអនុវត្តទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយ:ពេល០៥ឆ្នាំ( ២០២៣-២០២៨ ) គឺជាផ្លូវដើរមួយដ៏មានសារៈសំខាន់សម្រាប់ប្រតិបត្តិការពង្រឹង និងអភិវឌ្ឍរបបសន្ដិសុខសង្គមឆ្ពោះទៅរកការគ្របដណ្ដប់ជាសាកល ជាពិសេសការពង្រីកវិសាលភាពបន្ថែមទៅដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុក របស់សមាជិក ប.ស.ស. មានលទ្ធភាពទទួលបាននូវរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលនេះជាគោលដៅអាទិភាពនិងជាចក្ខុវិស័យរបស់ ប.ស.ស. ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី បានបន្តទៀតថា៖ ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងផែនការយុទ្ធសាស្រ្ដទី៥ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះ អង្គភាពពាក់ព័ន្ធក្នុង ប.ស.ស. ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារ និងពង្រីកការគ្របដណ្ដប់ឱ្យមានប្រសិទ្ធភាពស្របតាមសូចនាករ ដែលបានដាក់ចេញ ប្រកបដោយការពេញចិត្ត។
    ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី សង្ឃឹមយ៉ាងមុតមាំថាប្រធានអង្គភាព គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ និងបន្ដកិច្ចសហការសាមគ្គីផ្ទៃក្នុងអង្គភាព ឱ្យល្អប្រសើរបន្ថែមទៀត ពិសេសបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ដើម្បីរួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្ដទី៥ ការពង្រឹងរបបសន្ដិសុខសង្គម នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយភាពជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.