ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ បានថ្លែងថា ការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ គឺជាការពង្រីកសេវាគាំពារកាន់តែទូលាយបន្ថែមទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្តល់ដោយនិយោជក ឬរដ្ឋ តាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន ឱ្យទទួលបានប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានសិទ្ធិចូលទៅប្រើប្រាស់សេវា នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ ដែលការថ្លែងឡើងនេះ ស្ថិតក្នុងឱកាសដែលឯកឧត្តមបណ្ឌិតអគ្គនាយករង ផ្តល់កិត្តិយសជាវាគ្មិន ក្នុងបទសម្ភាសន៍ពិសេសក្នុងកម្មវិធី” មួយទល់មួយជាមួយកល្យាណ (One on One with Kallyann) របស់ស្ថានីយ៍រទស្សន៍ CNC និង CBS Digital នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់ឱ្យដឹងទៀតថា ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. បងប្អូនប្រជាពលរដ្ឋដូចបានរៀបរាប់ខាងលើ ត្រូវអនុវត្តតាមលក្ខខណ្ឌ ដែលរួមមាន (១) មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល (២) ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក (៣) ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. និង (៤) សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) និងអាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បាននៅគ្រប់ទីស្នាក់ការ ប.ស.ស. ទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែល ប្រកបរបររកស៊ីដោយខ្លួនឯងទាំងអស់ចូលរួមសាកល្បងចុះបញ្ជីជាមួយ ប.ស.ស. តាមរបបបង់ភាគទានដោយស្មគ្រចិត្ត ដែលយើងកំពុងសាកល្បងនេះ ដើម្បីទទួលបាន សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាពផងដែរ៕