Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីរបបធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារ និងការប្រឹក្សាយោបល់ស៊ីជម្រៅ”

    សៀមរាប៖ នាព្រឹកថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និង ឯកឧត្ដម ចែកាប លី អតីតរដ្ឋមន្ត្រីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា បានអញ្ជើញជាសហធិបតីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីរបបធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារ និងការប្រឹក្សាយោបល់ស៊ីជម្រៅ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២៣។
    សិក្ខាសាលាខាងលើនេះ មានគោលបំណង ដើម្បីកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងផ្នែកស្តារនីតិសម្បទា និងវេជ្ជសាស្រ្តនៃធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារសម្រាប់កម្មករនិយោជិត និងការប្រឹក្សាយោបល់ស៊ីជម្រៅសម្រាប់សេវាស្តារនីតិសម្បទា ព្រមទាំងសិក្សាប្រមូលធាតុចូលបន្ថែមទៀត ដើម្បីកសាងផែនការមេផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស. ឲ្យបានគ្រប់ ជ្រុងជ្រោយ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ចែកាប លី និងក្រុមការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារនៃ សាធារណរដ្ឋកូរ៉េ ដែលមានការប្ដេជ្ញាខ្ពស់ និងខិតខំប្រឹងប្រែងបន្តគាំទ្រក្នុងការអនុវត្តគម្រោងនេះ ឲ្យបានទាន់ពេលវេលាស្របទៅតាមបន្ទាត់ពេលវេលាដែលបានកំណត់។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានក្រើនរំលឹកដល់នាយកដ្ឋានស្តារនីតិសម្បទា និងនាយកដ្ឋានពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តកិច្ចសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃអង្គភាព COMWEL ដើម្បីអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានេះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើនេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី ប.ស.ស. រួមទាំងថ្នាក់ដឹកនាំតំណាងអង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ សរុបប្រមាណ ២៦រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.