(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ។
នៅក្នុងកិច្ចប្រជុំខាងលើបានពិភាក្សាលើការ ពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម។
នៅក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្តម អ៊ុក សមវិទ្យា បានលើកឡើងថា៖ របបភាគទានដោយស្ម័គ្រចិត្ត បានចែងក្នុងច្បាប់ស្ដីពីរបបសន្តិសុខសង្គម រួចហើយ ហើយ តាមការអនុវត្តន៍សាក់ល្បងកន្លងមកលើបុគ្គលស្វ័យនិយោជន៍ ឃើញថា បងប្អូនប្រជាពរដ្ឋមានការសាទ័រ និងគាំទ្រយ៉ាងច្រើន ដូច្នេះ ឯកឧត្តម ស្នើសុំឱ្យអនុក្រឹត្យនេះចេញឱ្យបានលឿន និងឆាប់រហ័ស។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕