(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំបង្កើតកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) ក្រោមអធិបតីភាព ឯកឧត្ដម សោម ចំណាន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
សិក្ខាសាលាថ្នាក់ជាតិខាងលើនេះ មានគោលបំណងដើម្បីគាំទ្រដល់ការព្រាងឯកសារកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) តាមរយៈ៖
– ការកំណត់ភាពជោគជ័យលើមុខរបរ និងការងាររបស់យុវជន
– ការកំណត់បញ្ហាប្រឈម និងកាលានុវត្តភាព
– ការកំណត់ឲ្យបានជាក់លាក់កម្មវិធី ភូមិសាស្ត្រ និងវិស័យអាទិភាពសម្រាប់កម្មវិធី DEY III
– ការកំណត់សេចក្តីព្រាងដំបូងនៃលទ្ធផលសម្រេចបាន ដែលទាក់ទងនឹងមុខរបរ និងការងាររបស់យុវជន ក្រោមអាទិភាពកម្មវិធីនីមួយៗសម្រាប់កម្មវិធី DEY III
– ការប្រមូលនូវលទ្ធផលរំពឹងទុករបស់ភាគីពាក់ព័ន្ធសំខាន់ៗទាក់ទងនឹងការរៀបចំកម្មវិធី DEY III ។
សូមបញ្ជាក់ថា៖ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងកម្មករនិយោជិត អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងតំណាងយុវជន សរុបប្រមាណ ១០០នាក់។