Mail |
  • ភាសាខ្មែរ
  • English
  • របៀបវារៈសំខាន់ៗចំនួន ២ ត្រូវបានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បើកកិច្ចប្រជុំលើកទី២០ អាណត្តិទី១ របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សា ទៅតាមការគ្រោងទុក

    ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី២០ អាណត្តិទី១ របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាលើ ២ របៀបវារៈសំខាន់ រួមមាន៖ (១). សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត (២). សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់វិភាជន៍បូជាសព ក្នុងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។
    ថ្លែងទៅកាន់អង្គប្រជុំនាព្រឹកនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកសំណើដាក់ជូនសមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស.  ត្រូវពិនិត្យ និងពិភាក្សា ដោយការយកចិត្តទុកដាក់ខ្ពស់លើសេចក្ដីព្រាងអនុក្រឹត្យ និងសេចក្តីព្រាងប្រកាសខាងលើ ដើម្បីឱ្យសេចក្ដីព្រាងទាំងពីរនេះ អនុវត្តទៅមានប្រសិទ្ធភាព តម្លាភាព និង ការផ្តល់សេវា របស់បេឡាជាតិសន្តិសុខសង្គម ត្រឹមត្រូវ និងច្បាស់លាស់ ប្រកបដោយចីរភាព ស្របតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
    បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានប្រជុំពិនិត្យ និងពិភាក្សា យ៉ាងផុសផុលប្រកបដោយការយកចិត្តទុកដាក់បំផុតលើអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងបានកែសម្រួលនូវឃ្លោងឃ្លាពាក្យពេចន៍លើសេចក្ដីព្រាងអនុក្រឹត្យ និងសេចក្តីព្រាងប្រកាសទាំងពីរខាងលើ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានសម្រេចអនុម័តទាំងស្រុង និងត្រៀមរៀបចំដាក់ជូនបន្ត ជូនទៅក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យសម្រេច។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ៩រូប ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.