Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ ប.ស.ស. ចែករំលែកចំណេះដឹងអំពីរបបសន្ដិសុខសង្គម ក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករ ជាស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ”

    (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសចែករំលែកចំណេះដឹងអំពីការអនុវត្តរបបសន្ដិសុខសង្គមកម្ពុជាបច្ចុប្បន្ន ដែលជាចំណេះដឹងដ៏មានសារៈសំខាន់ក្នុងការទទួលបានការគាំពារលើសុខុមាលភាព ជីវភាពរស់នៅ តាមរយៈការរក្សានូវសន្តិសុខប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករ ជាស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជាតិ អន្តរជាតិ សហព័ន្ធសហជីព និងសមាជិកក្រុមគោលដៅប្រមាណជាង ៨០នាក់។
    សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយក្រសួងកិច្ចការនារី ដោយទទួលបានការគាំទ្រពី អង្គការអាហ៊ូដា (APHEDA) ប្រចាំនៅប្រទេសកម្ពុជា និងអង្គការ PACT (PACT CAMBODIA) ក្នុងគោលបំណងដើម្បីឱ្យសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) សហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀត អំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយស្ដីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងចែករំលែកពីបញ្ហារបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិគ្រោះយោបល់ និងបញ្ជ្រាបការគាំទ្រលើការលើកកម្ពស់និងបង្កើនឱកាសទទួលបានការងារសមរម្យ នៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ពិសេសការគាំទ្រពីភាគីពាក់ព័ន្ធសម្រួលដល់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណសមាជិក ប.ស.ស. ឬការគាំទ្រនានាពីក្របខ័ណ្ឌគាំពារសង្គម។
    ក្នុងសិក្ខាសាលានាឱកាសនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានថ្លែងឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករជាស្ត្រី ដែលកន្លងមកថ្នាក់ដឹកនាំ ប.ស.ស. បានផ្ដល់កិច្ចសម្ភាសន៍ និងចូលរួមក្នុងសិក្ខាសាលានានា ព្រមទាំងចុះផ្សព្វផ្សាយដោយផ្ទាល់ដល់សហគ្រាស គ្រឹះស្ថាន ដែលជាកិច្ចការងារ ប.ស.ស. កំពុងអនុវត្តប្រចាំថ្ងៃ។ បន្ថែមពីនេះ ក៏នៅមានការផ្សព្វផ្សាយនៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងកម្មវិធី NSSF Member App ក្នុងនោះនៅពេលដែលបងប្អូនមានចម្ងល់ ឬបញ្ហាផ្សេងៗ អាចទាក់ទងមកកាន់ប្រព័ន្ធទូរស័ព្ទ Hotline ១២៨៦ ឬហ្វេសបុកផេក ឬតេលេក្រាមផ្លូវការរបស់ ប.ស.ស. ដែលមានក្រុមការងាររង់ចាំផ្ដល់នូវរាល់ចម្លើយដែលជាចម្ងល់របស់បងប្អូនគ្រប់ពេលវេលា។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានសម្ដែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការជាតិ អន្តរជាតិ ដែលបានរួមចំណែកខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទកៈដល់ការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ដែលជាកន្លែងការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.