(កណ្តាល)៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ស.ផ.ក បានអញ្ជើញជាសហអធិបតីបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ស្ថិតក្នុងខេត្តកណ្តាល។
ក្នុងឱកាសបើកពិធីផ្សព្វផ្សាយ ឯកឧត្តមបណ្ឌិត បានថ្លែងថា៖ កន្លងមក បេឡាជាតិសន្តិសុខសង្គមបានចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមរោងចក្រ សហគ្រាស បានមួយចំនួនធំដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវឱ្យយល់ដឹងកាន់តែច្បាស់អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងគោលបំណងឱ្យអ្នកបើកបររថយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ បើកបរដោយប្រុងប្រយ័ត្នជានិច្ច និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ និងលើវាសនាខ្លួនឯង ព្រមទាំងចេះទទួលខុសត្រូវលើវាសនាអ្នកដទៃ ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបរត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានថ្លែងសាទរ និងលើកទឹកចិត្តជំរុញដល់គ្រប់ក្រសួង ស្ថាប័ន ឬផ្នែកពាក់ព័ន្ធ ត្រូវសហការលើសកម្មភាពទាំងឡាយពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយអំពីចរាចរណ៍ ដេីម្បី រួមចំណែកក្នុងការជួយប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះមហន្តរាយដ៏សាហាវនៃឃាតករលាក់មុខរបស់សង្គមជាតិយើង។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងសារក្រើនរំលឹកដល់បងប្អូនអ្នកបើកបរយានយន្តទាំងអស់ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយជាពិសេសត្រូវគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
សូមបញ្ជាក់ថា៖ ពិធីប្រជុំផ្សព្វផ្សាយខាងលើប្រព្រឹត្តទៅនៅរោងចក្រ NAGAPEACE CCORPORATION LIMITED ស្ថិតក្នុងសួនឧស្សាហកម្មសំរោងស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានវត្តមានចូលរួមពីតំណាងមន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត សរុបប្រមាណជាង ៣៥០នាក់៕