Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. តែងតែយកចិត្តទុកដាក់គាំពារដល់សុខុមាលភាព និងបង្ការនូវហានិភ័យការងារនៅកន្លែងធ្វើការពិសេសសុវត្ថិភាពពេលធ្វើដំណើរ របស់បងប្អូនកម្មករនិយោជិត

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បើកសិក្ខាសាលាប្រចាំឆ្នាំ ស្ដីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានថ្លែងថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងជារៀងរាល់ថ្ងៃ ដែលនេះគឺជាក្តីកង្វល់របស់រាជរដ្ឋាភិបាល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ។ ដោយមើលឃើញពីបញ្ហាប្រឈមទាំងអស់នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាន បេឡាជាតិសន្តិសុខសង្គម ជាសេនាធិការ តែងតែយកចិត្តទុកដាក់ និងគាំពារដល់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត ជាពិសេសការបង្ការនូវហានិភ័យការងារនៅកន្លែងធ្វើការ និងពេលធ្វើដំណើរ។
    ឯកឧត្តមបណ្ឌិតបានបន្តទៀតថា៖ គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតករលាក់មុខដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការ ដែលបានបន្សល់ទុកនូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូល។ បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះមិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់ដាច់ដោយឡែកតែឯងបានឡើយ ប៉ុន្តែយើងត្រូវចូលរួមសហការគ្នា ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យថយចុះមកនៅកម្រិតទាបបំផុត។
    ឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ដែលរួមមាន៖
    – ជំរុញឱ្យបងប្អូនកម្មករនិយោជិតដែលប្រើប្រាស់ម៉ូតូ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក (ពាក់មួកសុវត្ថិភាពជានិច្ច ត្រូវប្រកាន់ស្តាំជានិច្ច កុំវ៉ា ឬជែងគ្នា និងត្រួតពិនិត្យម៉ូតូឱ្យបានត្រឹមត្រូវ)
    – ជំរុញឱ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ
    – ជំរុញឱ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឱ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស
    – ជំរុញឱ្យអ្នកបើកបរយករថយន្តដឹកកម្មករនិយោជិតទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់
    – លើកកម្ពស់សមត្ថភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមរយៈការបំប៉នជំនាញបើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត។
    ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា៖ ផ្អែកលើស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង ស្ថាប័ន មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា (AIP) យើងនឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរិមា ក៏ដូចជាការរក្សាសណ្តាប់ធ្លាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដោយអនុលោមទៅតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែន “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ។
    ក្នុងឱកាសជាមួយគ្នានេះ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) លោក គឹម បញ្ញា ក៏បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហការរបស់ បេឡាជាតិសន្តិសុខសង្គម កន្លងមក ក្នុងកិច្ចខិតខំសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគឺបងប្អូនកម្មករនិយោជិត ឱ្យបានយល់ដឹងកាន់តែច្បាស់ពីសុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត។
    សូមបញ្ជាក់ថា វគ្គសិក្ខាសាលាប្រចាំឆ្នាំខាងលើប្រព្រឹត្តទៅ នៅសណ្ឋាគារ ភ្នំពេញ រៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួសអាស៊ីកម្ពុជា (AIP) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពដៃគូពាក់ព័ន្ធនានា សរុបប្រមាណជា ១០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.