ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៨ អាណត្តិទី១ របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាលើ ២ របៀបវារៈ រួមមាន៖ (១). សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ (២). សេចក្ដីព្រាងប្រកាសស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ច។
ថ្លែងទៅកាន់អង្គប្រជុំនាព្រឹកនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកសំណើដាក់ជូនសមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ត្រូវពិនិត្យ និងពិភាក្សា ដោយការយកចិត្តទុកដាក់ខ្ពស់លើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ខាងលើ ដើម្បីឱ្យសេចក្ដីសម្រេចនេះអនុវត្តទៅមានប្រសិទ្ធភាព តម្លាភាព និង ការផ្តល់សេវា របស់បេឡាជាតិសន្តិសុខសង្គម ត្រឹមត្រូវ និងច្បាស់លាស់ ប្រកបដោយចីរភាព ស្របតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានប្រជុំពិនិត្យ និងពិភាក្សា យ៉ាងផុសផុលប្រកបដោយការយកចិត្តទុកដាក់បំផុតលើអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងបានកែសម្រួលនូវឃ្លោងឃ្លាពាក្យពេចន៍លើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលមាន ៦ជំពូក ១៧ប្រការ និងប្រកាសបានមួយចំនួន ដោយឡែកចំពោះចំណុចដែលនៅសេសសល់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. នឹងបន្តក្នុងកិច្ចប្រជុំពិភាក្សានាពេលក្រោយតាមការគ្រោងទុក។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន១០រូប ៕