(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអនុញ្ញាតឱ្យប្រតិភូគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ចូលជួបសម្ដែងការគួរសម នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
ជាកិច្ចស្វាគមន៍ ឯកឧត្តមអគ្គនាយក ប.ស.ស. ចាត់ទុកការអញ្ជើញមកបេឡាជាតិសន្ដិសុខសង្គមរបស់ប្រតិភូគណៈមេធាវីកម្ពុជានាថ្ងៃនេះ ថាជាជំនួបពិភាក្សាដ៏ល្អប្រសើរ ដើម្បីផ្ដល់ឱកាសឱ្យភាគីទាំងពីរ បានជួបជជែកពិភាក្សារួមគ្នាលើការងារច្បាប់ ពិសេសការងារពាក់ព័ន្ធនឹងរបបសន្ដិសុខសង្គម ដែល ប.ស.ស. កន្លងមកបានធ្វើកិច្ចការពាក់ព័ន្ធនឹងច្បាប់ជាច្រើន ទាំងការកសាងច្បាប់ និងការចុះអនុវត្តច្បាប់នៅតាមសហគ្រាស គ្រឹះស្ថាន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ។
ក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ក៏បានមានប្រសាសន៍៖ មកដល់ពេលនេះ គណៈមេធាវីមានសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សាចំនួន ២ ៧០០រូប ដោយក្នុងអាណត្តិចុងក្រោយនេះ ចំនួនមេធាវីមានការកើនឡើងដោយសារសេដ្ឋកិច្ចមានការរីកចម្រេីន តម្រូវការផ្លូវច្បាប់មានច្រើន ទន្ទឹមជាមួយគ្នានេះ បេឡាជាតិសន្ដិសុខសង្គម ក៏បានពង្រីកវិសាលភាពរបស់ខ្លួនសម្រាប់បុគ្គលស្វ័យនិយោជន៍ គណៈមេធាវីដែលមានមេធាវីកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សា មានបំណងចុះបញ្ជីជាសមាជិក ប.ស.ស. ក្នុងរបបសន្ដិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍។
ជាការឆ្លើយតប ឯកឧត្តមអគ្គនាយក ប.ស.ស. បានសម្រេចឯកភាពយល់ព្រមលើការរៀបចំអនុញ្ញាតឱ្យមេធាវីពេញសិទ្ធិ និងមេធាវីកម្មសិក្សា អាចចុះបញ្ជីចូលជាសមាជិក ប.ស.ស. នៅក្នុងគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីឱ្យសមាជិក គណៈមេធាវីទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។ ក្នុងនោះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បេឡាជាតិសន្ដិសុខសង្គម នឹងត្រៀមខ្លួនដើម្បីផ្ដល់ការគាំទ្រជាក់ស្ដែងទៅតាមតម្រូវការរបស់គណៈមេធាវី៕