(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំនាយកដ្ឋានជំនាញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោង ស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបស់ ប.ស.ស. ជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។
កិច្ចប្រជុំពិភាក្សាខាងលើនេះ ផ្ដោតលើចំណុចសំខាន់ចំនួន២ ដូចខាងក្រោម៖
១. ណែនាំអំពីគោលដៅ និងផែនការបេសកកម្មនៃគម្រោង ស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបស់ ប.ស.ស.
២. ពិនិត្យ និងពិភាក្សាអំពីការបង្កើតគណៈកម្មការដឹកនាំ និងក្រុមការងារបច្ចេកទេសសម្រាប់ដឹកនាំគម្រោងវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបស់ ប.ស.ស.។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋាន ស.អ នៃស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ប.ស.ស. ប្រមាណជាង ២០រូប៕