(ភ្នំពេញ)៖ ក្រោមស្នាដៃស្ថាបនិកពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងស្មារតីសាមគ្គីភាពការងាររបស់មន្រ្ដីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ សមិទ្ធផលថ្មីលើទឹកដីសន្តិភាព អគារបេឡាជាតិសន្ដិសុខសង្គមថ្មី មានកម្ពស់ ២១ជាន់ ទំហំ ៧៥ម x ៦៩ម ជាប្រភេទស្ថាបត្យកម្មទំនើប រចនាបទខ្មែរ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី បានលេចចេញជារូបរាងឡើងយ៉ាងត្រចះត្រចង់ ដើម្បីទុកជាកន្លែងសម្រាប់បម្រើសេវាជូនដល់បងប្អូនមន្រ្តីរាជការ បងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
បន្ទាប់ពីបញ្ចប់ការសាងសង់ទាំងស្រុងកាលពីពេលថ្មីៗនេះ ស្របនឹងឱកាសពិធីប្រពៃណីទំនៀមទំលាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ឆាប់ៗខាងមុខ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម បានរៀបចំប្រារព្ធពិធីពុទ្ធាភិសេកព្រះពុទ្ធរូប និងបដិមា ចម្រើនព្រះបរិត្ត និងរាប់បាត្រ សូត្រមន្ដប្រោះព្រំលើកសិរីសួស្តីជ័យមង្គល និងសុំទឹកសុំដី សុំសេចក្ដីសុខចម្រើនដើម្បីចូលធ្វើការក្នុងអគារការិយាល័យថ្មី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដោយមានការចូលរួមជួបជុំថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ធ្វើនមស្ការព្រះរតនត្រ័យសម្មាទានសីល និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត សូត្រមន្តលើករាសីចំរើនសិរីសួស្តីក្នុងឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ជូនដល់ថ្នាក់ដឹកនាំនិងបុគ្គលិកមន្រ្តីរាជការទាំងអស់ក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គមឱ្យទទួលបានជោគជ័យលើរាល់ការបំពេញភារកិច្ចថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។
ការធ្វើពិធីសាសនាពេលនេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីដែលជាអគ្គមគ្គុទេ្ទសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ បានពុះពារឆ្លងកាត់ដោយជោគជ័យលើស្ថានភាពដ៏លំបាកនៃការរីករាលដាល ជំងឺកូវីដ-១៩ កសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ ខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាប្រវត្តិសាស្រ្តនៃប្រជាជាតិកម្ពុជាទាំងមូល។
ក្នុងពិធីដ៏សិរីមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបួងសួងដល់ទេវតាឆ្នាំថ្មីដែលនឹងមកគ្រប់គ្រងភពផែនដី សូមប្រោសព្រំសព្វសាធុការពរបវរមហាប្រសើរជូនដល់ប្រមុខរាជរដ្ឋាភិបាល បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់បេឡាជាតិសន្ដិសុខសង្គម ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញតួនាទីភារកិច្ចរៀងៗខ្លួនសំដៅរួមគ្នាជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍសង្គមជាតិ ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ លើកកម្ពស់សុខុមាលភាព លើកស្ទួយសមធម៌ សាមគ្គីធម៌និងយុត្តិធម៌ក្នុងសង្គមដែលមិនអាចខ្វះបាន៕