Mail |
  • ភាសាខ្មែរ
  • English
  • មន្រី្ដជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំរៀបចំផែនការស្តីពី ការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា

    សៀមរាប៖ នាថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃ ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំរៀបចំផែនការស្តីពី ការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    កិច្ចប្រជុំខាងលើនេះរៀបចំឡើងក្នុងគោលបំណង៖
    (១) កំណត់ និងធ្វើការឯកភាពលើកិច្ចសហប្រតិបត្តិការរួមគ្នា សម្រាប់អនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា
    (២) កំណត់ និងធ្វើការឯកភាពលើសកម្មភាពជាអាទិភាពក្នុងឆ្នាំ២០២៣ ឆ្ពោះទៅរកការអភិវឌ្ឍកម្មវិធីការងារសមរម្យថ្មីប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨
    (៣) ត្រួតពិនិត្យឡើងវិញ និងធ្វើការឯកភាពលើអភិបាលកិច្ចការងារសមរម្យប្រចាំប្រទេសកម្ពុជា សម្រាប់ការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងភាពជាម្ចាស់នៃការងារសមរម្យថ្មីនៅកម្ពុជាឆ្នាំ២០២៤-២០២៨ និង
    (៤) ត្រួតពិនិត្យឡើងវិញលើយន្តការ និងវិធីសាស្ត្រសម្របសម្រួលរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់អនុវត្តការងារសមរម្យប្រចាំប្រទេសកម្ពុជា និងសម្រាប់លើកកម្ពស់របៀបវារៈការងារសមរម្យនៅកម្ពុជា។
    គួររំលឹកផងដែរថា៖ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។ តាមរយៈសមាជិកភាពនេះ កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាត្រូវបានរៀបចំឡើងចំនួន ៥ ដំណាក់កាលរួចមកហើយ រួមមាន៖
    ដំណាក់កាលទី១៖ សម្រាប់ឆ្នាំ២០០៤-២០០៧
    ដំណាក់កាលទី២៖ សម្រាប់ឆ្នាំ២០០៨-២០១០
    ដំណាក់កាលទី៣៖ សម្រាប់ឆ្នាំ២០១១-២០១៥
    ដំណាក់កាលទី៤៖ សម្រាប់ឆ្នាំ២០១៦-២០១៨ និង
    ដំណាក់កាលទី៥៖ សម្រាប់ឆ្នាំ២០១៩-២០២៣
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ត្រូវបានសហការរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានអ្នកចូលរួមមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) ក្រសួងពាណិជ្ជកម្ម (MOC) ក្រសួងទេសចរណ៍ (MOT) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្រុមប្រឹក្សាជាតិសហជីព (NTUC) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC) សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សរុបប្រមាណ ៩០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.