Mail |
  • ភាសាខ្មែរ
  • English
  • ត្រីមាសទី១ ឆ្នាំ២០២៣ សមាជិក ប.ស.ស. បានប្រើប្រាស់សេវាសុខាភិបាលមួយថ្ងៃជាងមួយម៉ឺនករណី មានការកើនឡើងប្រមាណជាង៣០%

    (ភ្នំពេញ)៖ ក្នុងឱកាសដែលអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ឯកឧត្តមបានថ្លែងថា៖ បច្ចុប្បន្ន ប.ស.ស. ពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ សមាជិកក៏មានការកើនឡើងជាបន្ដបន្ទាប់ ដោយគ្រាន់តែគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ នេះ មានបងប្អូនជាសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យដៃគូ ប្រមាណជាង ១លានករណី ដែលគិតក្នុងមួយថ្ងៃជាង ១ម៉ឺនករណី ពោលគឺកើនឡើងប្រមាណជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។
    ទន្ទឹមនឹងការប្រើប្រាស់សេវារបស់សមាជិក ប.ស.ស. ដ៏ច្រើននេះ ឯកឧត្តមអគ្គនាយករង បានបន្ថែមថា៖ បច្ចុប្បន្ន ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងប្រទេសសរុបចំនួន ១ ៥០៩ មូលដ្ឋានសុខាភិបាល ក្នុងនោះរួមមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៣៧៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៤។
    ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តជូនសមាជិករបស់ខ្លួន ឯកឧត្តមអគ្គនាយករង បានបន្ដថា៖ ប.ស.ស. បាននឹងកំពុងសិក្សាពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជនបន្ថែមទៀត ដើម្បីឱ្យស្របតាមតម្រូវការជាក់ស្តែង ជាពិសេសជាមួយមូលដ្ឋានសុខាភិបាលឯកជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីខិតជិតកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត ងាយស្រួលក្នុងការទៅទទួលសេវាព្យាបាលនៅពេលដែលមានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។
    ក្នុងឱកាសជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយករង ក៏បានសង្កត់ធ្ងន់ថា៖ កន្លងមកកិច្ចសហការរបស់មូលដ្ឋានសុខាភិបាល ជាមួយ ប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលមូលដ្ឋានសុខាភិបាលមួយចំនួនតូចមិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវាជូនសមាជិក ប.ស.ស. នៅមានកម្រិត ពិសេសការទាមទារទូទាត់ថ្លៃសេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាលដៃគូមួយចំនួន នៅមានភាពមិនប្រក្រតីនៅឡើយ។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ក៏បានស្នើដល់អង្គពិធីទាំងមូលលើកជាសំណួរអំពីបញ្ហាប្រឈមទៅកាន់មន្ត្រីជំនាញ ពិសេសថ្នាក់ដឺកនាំ ឬតំណាងមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវចូលរួមអនុវត្តទៅតាម កិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា លើកកម្ពស់គុណភាពសេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ ដល់សមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងទាន់ពេលវេលា។
    សូមបញ្ជាក់ថាៈ កិច្ចប្រជុំពីស្ដីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដៃគូ ប.ស.ស. ខាងលើ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង សរុបប្រមាណ ២០០នាក់ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.