(ភ្នំពេញ)៖ របបសន្ដិសុខសង្គម មិនមែនអនុវត្តចំពោះតែកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានធំៗទេ គឺអនុវត្តគ្រប់សហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពី១នាក់ឡើងទៅ។ ហើយនាពេលខាងមុខឆាប់ៗនេះ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន នឹងផ្តល់លទ្ធភាពជូនបុគ្គលស្វ័យនិយោជន៍ បងប្អូនដែលរកស៊ីដោយខ្លួនឯង មិនមានទទួលប្រាក់ខែពីថៅកែ អាចបង់ភាគទានខ្លួនឯងដោយផ្ទាល់មក ប.ស.ស. ដើម្បីទទួលបានរបបសន្តិសុខសង្គមពីរផ្នែកនេះ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ជូនដល់សមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជា។
ឯកឧត្តមអគ្គនាយករង បានថ្លែងបន្ថែមថា៖ បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកសរុបជាង ៣លាននាក់ ហើយដើម្បីចូលរួមជម្រុញឱ្យការអនុវត្តរបបសន្តិសុខសង្គម ឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ត្រូវមានការចូលរួមសហការ ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យសមាជិក ប.ស.ស. ទាំងអស់ទទួលបានអត្ថប្រយោជន៍ដូចៗគ្នា។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ក៏បានស្នើដល់អង្គពិធីទាំងមូល មេត្តាយក ចិត្តទុកដាក់ស្តាប់ និងលើកជាសំណួរ ទៅកាន់មន្រ្តីជំនាញ ដែលជាគ្រូឧទ្ទេស ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន និងអាចយកទៅផ្សព្វផ្សាយបន្តបានប្រកបដោយ ប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ថាៈ កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក តំណាងសមាគម អ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជា សរុបប្រមាណជាង ១០០នាក់៕