Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. កម្ពុជា ទទួលបានការបណ្តុះបណ្តាលស្តីពីការបង្កើនការយល់ដឹងអំពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ពីអង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ បន្ទាប់ពី ប.ស.ស. កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ជាមួយអង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ រួចកន្លងមក នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ អង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ បានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តរបបសន្តិសុខសង្គមរបស់សាធារណរដ្ឋកូរ៉េ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស.។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីចែករំលែកចំណេះដឹងរបស់ខ្លួន ជាពិសេសដើម្បីកសាងសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ ដើម្បីពង្រីកវិសាលភាព ក៏ដូចជាជំរុញនូវការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ក្នុងប្រទេសកម្ពុជាឲ្យបានទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព ចីរភាព និងនិរន្ដរភាព។
    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូតំណាងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកកាន់បេឡាជាតិសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមសហការផ្តល់វគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះឡើង ដែលនេះជាវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់បំផុតសម្រាប់កសាង និងលើកកម្ពស់សមត្ថភាពនិងការយល់ដឹងបន្ថែមរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញ ប.ស.ស. ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត នៅក្នុងអង្គភាព ប.ស.ស. ទាំងមូល។
    តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារួចកន្លងទៅនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថា ប.ស.ស. កម្ពុជា និងអង្គភាពសោធនជាតិ កូរ៉េ នឹងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើសកម្មភាពរួមគ្នាមួយចំនួនដូចជា ការអប់រំ ការបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរព័ត៌មានជាដើម។
    ជាមួយគ្នានេះ លោក Kim Chi-Mug អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃអង្គភាពសោធនជាតិ កូរ៉េ បានថ្លែងថា៖ ចាប់តាំងពីឆ្នាំ ២០១៣ មក អង្គភាពសោធនជាតិ កូរ៉េ បានផ្តល់ការបណ្តុះបណ្តាលដល់ ២៦ប្រទេស ដែលមានអ្នកចូលរួមប្រហែល ៩២០នាក់ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍នៅក្នុងប្រតិបត្តិការនៃការអនុវត្តរបបប្រាក់សោធន និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយបណ្តាប្រទេសចំនួន៨ រួចមកហើយ ដើម្បីលើកកម្ពស់ និងផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។
    លោក Kim Chi-Mug បានថ្លែងបន្ដថា៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនរបស់កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២២នេះ ហើយដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារួច អង្គភាពសោធនជាតិ កូរ៉េ នឹងផ្តល់វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗ ក្នុងគោលបំណងដើម្បីបង្ហាញនូវការរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធប្រាក់សោធននៅកម្ពុជា កាន់តែរីកចម្រេីន ហើយ លោកសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានាពេលអនាគតបន្ថែមទៀត។
    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីគ្រូបង្គោលនៃអង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ និងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក បច្ចេកទេសនៃ ប.ស.ស. ជាច្រើនរូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.