Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចសហប្រតិបត្តិការគ្នារវាង ប.ស.ស. កម្ពុជា និងអង្គភាពសោធនជាតិកូរ៉េ (NPS) គឺជាជំហ៊ានថ្មីក្នុងការជំរុញឱ្យមាននូវចល័តភាពរបបសន្តិសុខសង្គមរវាងប្រទេសទាំងពីរ

    (ភ្នំពេញ)៖ បន្ទាប់ពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរបស់ ប.ស.ស. កាលពីព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ជាមួយអង្គភាពសោធនជាតិកូរ៉េ (NPS)។
    ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើ ឯកឧត្តមបណ្ឌិត អ៊ិន សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានលើកឡើងថា៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាររវាង ប.ស.ស. កម្ពុជា ជាមួយអង្គភាពសោធនជាតិកូរ៉េ (NPS) នាពេលនេះ គឺជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការទៅលើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះនៃការទំនាក់ទំនងដ៏រឹងមាំនាពេលអនាគតរវាងភាគីទាំងពីរ។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុង
    យកចិត្តទុកដាក់ទៅលើបងប្អូនពលករទេសន្តរប្រវេសក៍ដែលធ្វើការចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ ។ ដូច្នេះ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តួចផ្តើមគំនិតរៀបចំនូវ សេចក្តីថ្លែងការណ៍អាស៊ានស្តីពី ចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន ហើយត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា៖ ការរៀបចំឱ្យមានចល័តភាពរបបសន្តិសុខសង្គមនេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័ត
    ភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍នៅក្នុងអាស៊ាន និងជាពិសេស លិខិតូបករណ៍ថ្នាក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធិលទ្ធភាព រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ នឹងអាចធ្វើការជាមួយគ្នាកាន់តែមានភាពជិតស្និត ឆ្ពោះទៅរកការបង្កើតឱ្យមាននូវចល័តភាពរបបសន្តិសុខសង្គម រវាងប្រទេសទាំងពីរ ពិសេស គឺសម្រេចឱ្យបាននូវចល័តភាពរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននាពេលខាងមុខ។
    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងថា៖ កន្លងមក ប.ស.ស. កម្ពុជា មានកិច្ចសហការយ៉ាងជិតស្និតជាមួយស្ថាប័នសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការជាមួយអង្គភាពសុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ កិច្ចសហការជាមួយអង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ដែលបានទទួលនូវការចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមនៃសាធារណរដ្ឋកូរ៉េ ហើយការសម្រេចចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានាពេលនេះ នឹងអាចផ្ដល់នូវកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមកឱ្យយកាន់តែជិតស្និតបន្ថែមទៀត ។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងទៀតថា៖ ផ្អែកតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារឆ្នាំ២០១៩-២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករ បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យសន្តិសុខសង្គម ដោយបន្តពង្រឹង ពង្រីក និងជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គមដល់បងប្អូនកម្មករនិយោជិត និងមន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ឱ្យមានសង្គតិភាព និងប្រកបដោយបរិយាបន្ន។
    លោក KIM CHI-MUG អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃអង្គភាពសោធនជាតិកូរ៉េ (NPS) តំណាង លោក KIM TAE-HYUN ប្រធានអគ្គនាយក និងនាយកប្រតិបត្តិរបស់អង្គភាពសោធនជាតិ (NPS) បានសម្តែងនូវការអរគុណយ៉ាងខ្លាំងចំពោះកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការអនុវត្តការងារជាមួយគ្នាកន្លងមក។

    លោក KIM CHI-MUG បានបន្តទៀតថា៖ កម្ពុជា គឺជាប្រទេសទី១ ដែលអង្គភាពសោធនជាតិកូរ៉េ (NPS) បានបង្កើនកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមូត រហូតឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ។

    សូមបញ្ជាក់ថា៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាខាងលើប្រព្រឹត្តនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំករុណា នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាង លោក-លោកស្រី តំណាង ប.ស.ស. កម្ពុជា និងថ្នាក់ដឹកនាំ លោក-លោកស្រីតំណាងអង្គភាពសោធនជាតិកូរ៉េ (NPS) សរុបប្រមាណជាង ៧០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.