ភ្នំពេញ៖នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជេីញចូលរួមក្នុងពិធីបិទវេទិការ ពិភាក្សា សប្តាហ៍គាំពារសង្គម កម្ពុជា ប្រចាំ ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
វេទិការ ពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានសារៈសំខាន់សម្រាប់ ប.ស.ស. ក្នុងការទទួលបានការចែករំលែកនូវចំណេះដឹងបន្ថែម នៃការអនុវត្តការងារ និងជាពិសេស ទទួលបានទស្សនទានថ្មីៗ ដែលសមាជិក ប.ស.ស. ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធចង់បាននៅពេលអនាគត ព្រមទាំងតម្រូវការ នៃការអភិវឌ្ឍប្រព័ន្ធឌីជីថល ដើម្បីចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ក្នុងការសម្រួលដល់ការផ្តល់សេវាជូនសមាជិករបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា៖ ពិធីបិទវេទិការពិភាក្សាខាងលើប្រព្រឹត្តទៅនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ដែលបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងមានការចូលរួមពីតំណាងអង្គការជាតិ និងអន្តរជាតិ ជាច្រើនរូបផងដែរ៕