ប្រទេសថៃ៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. លោក សោម សុខធី អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានចូលរួមកិច្ចប្រជុំការអនុវត្តគម្រោងស្តីពី ការគាំទ្រសកម្មភាពមូលដ្ឋានតាមរយៈបណ្តាញនិយោជក និងកម្មករនិយោជិតអន្តរជាតិ (SGRA) សម្រាប់វិស័យកសិកម្ម ចាប់ពីថ្ងៃទី១៩ ដល់ ២២ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តខនកេន ប្រទេសថៃ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យទៅលើវឌ្ឍនភាព និងការរីកចម្រើននៃការអនុវត្តគម្រោង SGRA ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ ឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គម និងកិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងចំណោមបណ្តាប្រទេសដែលជាសមាជិកនៃគម្រោង SGRA ក្នុងគោលបំណងពង្រីកការគ្របដណ្តប់ប្រព័ន្ធសន្តិសុខសង្គមឱ្យបានទូលំទូលាយទៅដល់ប្រជាជនគោលដៅក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) និងមូលនិធិការងារអន្តរជាតិជប៉ុន-ថៃ (JILAF-Thailand) ដោយមានការចូលរួមដោយផ្ទាល់ពីបណ្តាប្រទេសជាសមាជិកគម្រោង SGRA តំណាងក្រសួងការងារ នៃព្រះរាជាណាចក្រថៃ មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) មូលនិធិការងារអន្តរជាតិជប៉ុន-ថៃ (JILAF-Thailand) សហព័ន្ធសហជីពអន្តរជាតិ (ITUC) និងហូមណេត និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណជា ២០នាក់។