ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បានអញ្ជើញចូលរួមប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិខាងលើ សម្តេចបានសម្តែងនូវការសោកស្តាយចំពោះជនរងគ្រោះទាំងអស់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ហើយអ្នកខ្លះបានធ្លាក់ខ្លួនទៅជាមនុស្សពិការផងដែរ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានជំរុញ និងណែនាំបន្ថែមទៀតទៅដល់មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានសីលធម៌ វិន័យ សក្តិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ ពិសេសត្រូវបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ ក៏ដូចជា ការកសាងជួសជុលកែលំអស្ថានភាពផ្លូវថ្នល់ ព្រមទាំងការងារពាក់ព័ន្ធជាច្រើនទៀត ដែលបានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវ ជាពិសេសធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីការបាត់បង់ជីវិត និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។
ក្នុងនោះដែរ សម្តេចក្រឡាហោម បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមថែមទៀតក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង ។
សូមបញ្ជាក់ថា៖ ពិធីប្រារព្ធទិវាអន្ដរជាតិខាងលើ ប្រព្រឹត្តទៅនៅសួនច្បារមុខវត្តបទុមវត្តី រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ៕