Mail |
  • ភាសាខ្មែរ
  • English
  • កម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. បានផ្ដល់សុខុមាលភាពខាងស្មារតី និងផ្លូវកាយ ផ្លូវចិត្តដល់សមាជិក ប.ស.ស. ជាជនពិការភាពជាច្រើនរូប

    (កំពត និងកែប)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញការគាំទ្រយ៉ាងយកចិត្តទុកដាក់ពេញទំហឹងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២២ នេះ បងប្អូនដែលជាសមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ការងាររហូតដល់ធ្លាក់ខ្លួនពិការជាច្រើនរូប បានចូលរួមកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ក្នុងដំណើរកំសាន្តឆ្ពោះទៅកាន់ខេត្តកំពត និងឆ្នេរសមុទ្រកែប ដែលនេះជាឱកាសដ៏ពិសេសមួយសម្រាប់ឱ្យក្រុមការងារ ប.ស.ស. ក្នុងការបង្ហាញសកម្មភាពយ៉ាងស្អិតរមួត ជាមួយបងប្អូនជនពិការ ដែលជាសមាជិក ប.ស.ស. ព្រមទាំងបង្កើតអនុស្សាវរីយ៍នានា ក្នុងការពិសារម្ហូបអាហារឆ្ងាញ់ៗ និងបានទស្សនាទេសភាព និងឆ្នេរធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ។
    ពាំនាំអនុសាសន៍ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល លោកស្រី ភឿន មិនា ប្រធានការិយាល័យផ្តល់សេវាសង្គម នៃនាយកដ្ឋានស្តារនីតិសម្បទា បានឱ្យដឹងថា៖ កម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. ខាងលើនេះ រៀបចំឡេីងដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្ត នឹងបន្តប្ដេជ្ញាយកចិត្តទុកដាក់ខ្ពស់ដល់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ឬពិការភាពបង្កឱ្យមានអារម្មណ៍បាក់ស្បាត ព្រមទាំងបាក់ទឹកចិត្តមិនអាចទទួលយកស្ថានភាពពិការរបស់ខ្លួន ឱ្យអារម្មណ៍រីករាយ ស្រស់ស្រាយ ជាពិសេសលើកទឹកចិត្តកុំឱ្យមានអារម្មណ៍អៀនខ្មាស់ចំពោះពិការភាពរបស់ខ្លួន និងលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាពរបស់ខ្លួនឱ្យកាន់តែប្រសើឡើង ព្រមទាំងកាន់តែស្រឡាញ់ខ្លួនឯងទ្វេឡើង តាមរយៈការវិលត្រឡប់ចូលក្នុងសហគមន៍របស់យើងវិញ។
    តាមរយៈកម្មវិធីសមាហរណកម្មសង្គម របស់ ប.ស.ស. នាពេលនេះ បងប្អូនសមាជិក ប.ស.ស. ដែលជាជនពិការភាព បានបង្ហាញពីអារម្មណ៍ពេញចិត្តរបស់ខ្លួនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះជនពិការ ក៏ដូចជាថ្នាក់ដឹកនាំ ប.ស.ស. បានរៀបចំដំណើរកំសាន្ដនាឱកាសនេះ ដែលបានផ្ដល់នូវការលើកកម្ពស់សិទ្ធិ និងសេរីភាព សុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រដោយគ្មានការរើសអើង ហើយក៏អាចធ្វើឱ្យជនពិការដូចជាពួកគាត់មានភាពក្លាហាន និងប្រឈមនឹងបច្ចុប្បន្នភាព ព្រមទាំងយល់ដឹងអំពីគុណតម្លៃរបស់ជនពិការ និងអំពីខ្លួនផ្ទាល់។
    យោងតាមទិន្នន័យរបស់នាយកដ្ឋានស្តារនីតិសម្បទានៃ ប.ស.ស. បានបង្ហាញឱ្យដឹងថា៖ ចាប់ផ្ដើមពីពេលអនុវត្តរបបសន្ដិសុខសង្គមតាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកដែលបានរងគ្រោះថ្នាក់ការងាររហូតធ្លាក់ខ្លួនជាជនពិការ និងកំពុងទទួលបានសេវាស្តារនីតិសម្បទា រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងទៀតពី ប.ស.ស. សរុបចំនួន ២ ១៨៩នាក់។
    តាមរយៈបទពិសោធន៍ នៃកម្មវិធីសមាហរណកម្មសង្គមរបស់ខ្លួន និងភាពពេញចិត្តពីសមាជិក ប.ស.ស. ជាជនពិការ ក្នុងដំណើរកំសាន្ដនេះ ថ្នាក់ដឹកនាំនាយកដ្ឋានស្តារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ថា៖ ប.ស.ស. និងរៀបចំគម្រោងនេះជាបន្ដបន្ទាប់ទៀត ដើម្បីរួមចំណែកលើកកម្ពស់ជនដែលពិការភាព៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.