Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរចំពោះបេឡាជាតិសន្ដិសុខសង្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងកោតសរសើរយ៉ាងស្មោះចំពោះការខិតខំប្រឹងប្រែង សហការបានយ៉ាងល្អរបស់សមាជិកទាំងអស់នៃក្រុមប្រឹក្សាភិបាល ប.ស.ស. ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារ សម្រេចបានលទ្ធផលការងាររយៈពេល៩ខែ ប្រកបដោយភាពល្អប្រសើរ ច្បាស់លាស់ និងតម្លាភាព។
    ការថ្លែងឡើងបែបនេះក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៥ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើ ២ របៀបវារៈ រួមមាន៖ ១) សេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារសម្រេចបាន ៩ខែ របស់បេឡាជាតិសន្តិសុខសង្គម, ២) ពិនិត្យសម្រេចលើសំណើសុំចុះកិច្ចព្រមព្រាងរបស់ធនាគារដៃគូ។
    បើយោងតាមរបាយការណ៍លទ្ធផលការងារសម្រេចបាន ៩ខែ របស់បេឡាជាតិសន្តិសុខសង្គម ដែលបានថ្លែងឡើងដោយ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបង្ហាញថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនបានដាក់ឱ្យដំណើរការកាលពីពេលថ្មីកន្លងទៅនេះប្រកបដោយភាពជោគជ័យ និងមានសហគ្រាសតូចៗជាច្រើន មកចូលរួមចុះបញ្ជីជាមួយ ប.ស.ស. ហើយបម្រែបម្រួលនៃការចុះបញ្ជីរបស់សហគ្រាស គ្រឹះស្ថាន វិស័យឯកជននេះមានការកើនឡើងខ្ពស់ ក្នុងនោះមានសហគ្រាសចុះបញ្ជីចំនួន ២ ១៧៧សហគ្រាស មានការកើនឡើង១៦៥.១៦% និងមានសមាជិក ២២៩ ៦៥៥នាក់ កើនឡើង ៤៥១.២៩% ជាទិន្នន័យកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់បើធៀបទៅនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១។
    តាមរបាយការណ៍នេះ ដដែលបានបង្ហាញទៀតថា៖ សម្រាប់ឆ្នាំ ២០២២នេះ ដោយស្ថានភាពជំងឺកូវីដមានការធូរស្រាល ស្ថានភាពសុខភាពរបស់បងប្អូនកម្មករនិយោជិតមានលក្ខណៈល្អប្រសើរធ្វើអោយការផ្ដល់តាវកាលិកផ្នែកថែទាំសុខភាពមានការថយចុះ ប៉ុន្ដែចំពោះផ្នែកហានិភ័យការងារ ការផ្ដល់តាវកាលិកមានការកើនឡើង ៤៧.១៦% បើធៀបទៅនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១។ ចំណែកការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនកម្មករនិយោជិតជាស្រ្ដីសម្រាលកូនរយៈពេល ៩ខែ កន្លងទៅនេះ មានស្រ្ដីសម្រាលកូនសរុប ៣៩ ៥២១នាក់ មានការថយចុះ ១៩.៦០% និងកូនចំនួន ៣៩ ៧៩១នាក់ មានការថយចុះ ១៩.៦៣% បើធៀបទៅនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កន្លងទៅ។
    គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ នេះ សហគ្រាស គ្រឹស្ថាន វិស័យឯកជន ដែលបានចុះបញ្ជីមក ប.ស.ស. មានចំនួន ១៣ ៣៥៥សហគ្រាស ដែលមានសមាជិកសរុប ១ ៤៦៦ ៧២៥នាក់។ ដោយឡែកសម្រាប់វិស័យសាធារណៈ ផ្នែកហានិភ័យការងារមានចំនួន ៣៥ស្ថាប័ន និងផ្នែកថែទាំសុខភាព មានចំនួន ៣៩ស្ថាប័ន ដែលមានក្នុងប្រព័ន្ធ ប.ស.ស. ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សរុបប្រមាណជាង ១១ រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.