Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បន្ដកិច្ចសហការរៀបចំវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” ជូនដល់ថ្នាក់ដឹកនាំនៃ ប.ស.ស.

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” នាព្រឹកមិញនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងបេឡាជាតិសន្ដិសុខសង្គម បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣លើកហើយ ដោយបានចាប់ផ្ដើមអនុវត្តការងាររួមគ្នាចាប់តាំងឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននឹងបន្ដរហូតដល់ឆ្នាំ២០២៤។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានបន្ដថា៖ កន្លងមកកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មិនត្រឹមតែផ្ដល់ជំនួយក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍន៍ធនធានមនុស្សពាក់ព័ន្ធចំណេះដឹង និងជំនាញទន់បន្ថែមនោះទេ លើសពីនេះទៅទៀតកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក៏បានជួយផ្នែកហិរញ្ញវត្ថុក្នុងសកម្មភាពការងារជាច្រើនក្នុងការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា តាមរយៈការផ្ដល់ជំនួយក្នុងការបង្កើត Web Application, Mobile Application ព្រមទាំងជំនាញផ្សេងៗជាច្រើនទៀត ដើម្បីអាចឈានទៅរករបត់នៃបដិវត្តឧស្សាហកម្ម៤.០ ដែលព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូររបៀបធ្វើការ និងការរស់នៅផងដែរ។
    ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. បានមានប្រសាសន៍បន្ដថា៖ តាមរយៈវគ្គបណ្ដុះបណ្ដាល ”ជំនាញដឹកនាំស្នូល (កម្រិតទី២)” នាពេលនេះ សិក្ខាកាមដែលជាថ្នាក់ដឹកនាំ ប.ស.ស. ទាំងអស់នឹងទទួលបាន បទពិសោធន៍ពិតៗពីវាគ្មិនដែលធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ល្អៗ ដើម្បីយកមកបំពេញសមត្ថភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមតួនាទី និងភារកិច្ច ព្រមទាំងអភិវឌ្ឍន៍ខ្លួន រៀបចំផ្នត់គំនិតការងារ ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន និងស្ថាប័ន តាមរយៈទស្សនទាននៃភាពជាអ្នកដឹកនាំក្នុងប្រធានបទសំខាន់ៗដូចជា៖ សារសំខាន់ ធាតុស្នូល និងបែបបទនៃការដឹកនាំ, តួនាទី និងសិទ្ធិអំណាចអ្នកដឹកនាំ, របៀបគ្រប់គ្រង ដឹកនាំ និងការកសាងជំនឿទុកចិត្ត, ការរៀបចំផែនការ ការចាត់ចែង និងការត្រួតពិនិត្យលើការងារ, ការធ្វើប្រតិភូកម្មការងារប្រកបដោយប្រសិទ្ធភាព និងការបណ្ដុះឆន្ទៈ ព្រមទាំងការលើកទឹកចិត្តបុគ្គលិក។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. បានបង្ហាញភាពរីករាយ និងពេញចិត្តចំពោះកិច្ចសហការអនុវត្តគម្រោងនានារបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងបានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលតែងតែផ្តល់ការគាំទ្រទាំងហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ដល់ ប.ស.ស. ដើម្បីបង្កើនសមត្ថភាពរាល់សកម្មភាពដែលជំរុញឱ្យមានការអភិវឌ្ឍខ្លួន ព្រមទាំងស្ថាប័ន ក្នុងការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមឱ្យបានកាន់តែរីកចម្រើន និងសម្រេចបានភាពជោគជ័យបន្ថែមទៀត។
    ឯកឧត្ដមអគ្គនាយក ប.ស.ស. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន និងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការបណ្ដុះបណ្ដាលនាពេលនេះ និងបានផ្ដាំផ្ញើឱ្យសិក្ខាកាម ទាំងអស់ចូលរួមសួរដេញដោលឱ្យបានផុលផុសបំផុត ដើម្បីក្រេបយកចំណេះដឹងឱ្យច្រើន ហើយយក ចំណេះដឹងទាំងនោះទៅបម្រើអង្គភាព មាតុភូមិ ដើម្បីអភិវឌ្ឍន៍ឱ្យឈានឡើងមួយកម្រិតថែមទៀត។
    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២រៀបចំឡើងក្រោមជំនួយឧបត្ថម្ភពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. សរុបប្រមាណជាង ៣០រូប នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.